ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- ​អបអរសាទរ ខួប​អនុស្សាវរីយ៍​លើក​ទី​៤៣ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ០២ ធ្នូ ១៩៧៨ - ០២ ធ្នូ ២០២១ - ​សម្តេច​តេជោ ហ៊ុន សែន បង្ហាញ​អំពី​សារៈសំខាន់​នៃ​ការសាងសង់​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​នៅ​ខេត្ត​ព្រះសីហនុ​ - សម្តេច​តេជោ ហ៊ុន សែន បញ្ជាក់​អត្ថន័យ «​ខ្មែរ​ធ្វើ​បាន​» ដែល​សរសេរ​នៅ​ផ្លូវ​ថ្មី​ក្រុងព្រះសីហនុ​ - សម្តេច​តេជោ ហ៊ុន សែន បញ្ជាក់​អត្ថន័យ «​ដើមឈើ​ចាំ​ស្នេហ៍ និង​សិលា​ចាំ​ស្នេហ៍​» ដែល​ជា​កន្លែង​ដែល​សម្ដេច​បាន​ដាក់​ឈ្មោះ​នៅ​ផ្លូវ​ថ្មី​នា​ក្រុង​ព្រះសីហនុ​ - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ - សម្ដេច​តេជោ ហ៊ុន សែន បញ្ជា​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច ចាប់ខ្លួន​ជន​អនាធិបតេយ្យ ដែល​កាប់​ទន្ទ្រានព្រៃ​លិច​ទឹក​យក​ដី​ក្នុង​តំបន់​បឹង​ទន្លេសាប​មក​ផ្ដន្ទាទោស​តាមច្បាប់​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​ចំពោះ លោក​ឧកញ៉ា សែ វេវ ! - លោកជំទាវ តៅ តឿ​ន ភរិយា សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ចាត់​ក្រុមការងារ​នាំយក​ផ្លែ​មៀន​តា​ង៉ែ​ន ជាង​៥០០​គីឡូក្រាម ប្រគល់ជូន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​! - ករណី​ឃាតកម្ម ដែល​មាន​ការចាប់អារម្មណ៍ ភ្ជាប់​ជាមួយ​រឿង​នយោបាយ ក្នុង​ខណ្ឌ​ជ្រោយចង្វារ ត្រូវ​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បំបែក​បាន ក្នុងពេល​មិន​ដល់​៤៨​ម៉ោង​! - សម្តេច​តេជោ ហ៊ុន សែន និង​ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​នៅ​កម្ពុជា អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ស្ពាន​ស្ទឹងត្រង់​-​ក្រូចឆ្មារ និង​បើក​ការដ្ឋាន​សង់​ផ្លូវជាតិ​លេខ «71C»

សម្ដេច​ក្រឡាហោម ស ខេង អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រកាស​តែងតាំង​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ស្ទឹងត្រែង​

ខេត្ត​ស្ទឹងត្រែង ៖ នា​ព្រឹក​ថ្ងៃ​ចន្ទ ១៣​រោច ខែ​ភទ្របទ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០២១​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្ទឹងត្រែង​។​

​ពិធី​ប្រកាស​នេះ បាន​ប្រារព្ធ​ឡើង​បន្ទាប់ពី​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្តម សីហ​មុនី បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​តែងតាំង​ឯកឧត្តម ស្វាយ សំ​អ៊ាង ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ស្ទឹងត្រែង ក្រោម​អធិបតីភាព​សម្ដេច​ក្រឡា​ហោម​ឧបនាយករដ្ឋមន្ត្រី ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​អភិបាលខេត្ត​ស្ទឹងត្រែង​នា​ឱកាស​នេះ មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម ឡូយ សុផាត ប្រធាន​គណៈកម្មការ​ទី​៣​នៃ​រដ្ឋសភា និង​ជា​អ្នកតំណារាស្ត្រ​មណ្ឌល​ស្ទឹងត្រែង ឯកឧត្តម ផៃ ប៊ុន​ឈឿន រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន​ខេត្ត​ស្ទឹងត្រែង ឯកឧត្តម លោកជំទាវ​ជា​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ព្រមទាំង​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ចំណុះ​រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង​។​

​ក្នុងឱកាស​នោះ ឯកឧត្តម ម៉ុម សារឿ​ន បាន​ធ្វើ​របាយការណ៍​ជូន​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ព្រមទាំង​អង្គពិធី​អំពី​ស្ថានភាព​ទូទៅ​ក្នុង​ខេត្ត ពិសេស​លទ្ធផល​ការងារ​សំខាន់ៗ​មួយចំនួន​ដែល​ខេត្ត​សម្រេចបាន​ក្នុង​រយៈពេល​ដែល​ឯកឧត្តម​កាន់​តួនាទី​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ស្ទឹងត្រែង​។ បន្ទាប់មក​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ​បាន​អញ្ជើញ​អាន​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​តែងតាំង​ឯកឧត្តម ស្វាយ សំ​អ៊ាង ជាភិ​បាល​ខេត្ត​ស្ទឹងត្រែង ការប្រគល់​ត្រា និង​ព្រះរាជក្រឹត្យ មុន​ពេល​ឯកឧត្តម​ថ្លែង​ការប្ដេជ្ញាចិត្ត​។​

​អញ្ជើញ​មានប្រសាសន៍​នា​ឱកាស​នោះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ថ្លែងអំណរគុណ និង​សម្ដែ​ការកោតសរសើរ ឯកឧត្តម ម៉ុម សារឿ​ន ដែល​បាន​ដឹកនាំ​មន្ត្រី​រាជការ និង​កងកម្លាំង​ចំណុះ​រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង ខិតខំ​យកចិត្តទុកដាក់​បំរើ​ជាតិ និង​ប្រជាជន ពិសេស​ការខិតខំ​អនុវត្ត​វិធាន​រាជរដ្ឋាភិបាល ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩ និង​បាន​ខិតខំ​បំពេញ​ភារកិច្ច​ជាច្រើន​ទៀត​ដើម្បី​បំរើ​សេចក្ដីត្រូវការ​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត និង​ដើម្បី​អភិវឌ្ឍន៍​ខេត្ត​ក្នុង​រយៈពេល​កន្លងមក​។​

​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី​ក៏​បាន​គូសបញ្ជាក់​ពី​ភាពចាំបាច់​របស់​រាជរដ្ឋាភិបាល ដែល​បាន​ផ្ទេរ​ភារកិច្ច​ឯកឧត្តម ស្វាយ សំ​អ៊ាង ពី​អភិបាលខេត្ត​មណ្ឌលគិរី​មកជា​អភិបាលខេត្ត​ស្ទឹងត្រែង និង​បាន​សម្ដែង​ក្ដីសង្ឃឹម​ជឿជាក់ថា​ឯកឧត្តម ស្វាយ សំ​អ៊ាង នឹង​ខិតខំ​បំពេញ​ភារកិច្ច​បំរើ​ជាតិ និង​ប្រជាជន​ក្នុង​ខេត្ត​ស្ទឹងត្រែង​ឱ្យបាន​ល្អ ហើយ​ជាមួយគ្នានេះ​សម្ដេច​ស្នើឱ្យ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ស៊ីវិល និង​កងកម្លាំង​ទាំងអស់ ចូលរួម​ផ្ដល់​កិច្ចសហការ មាន​សាមគ្គីភាព និង​គាំទ្រ​ឯកឧត្តម ស្វាយ សំ​អ៊ាង ក្នុង​ការបំពេញរ​កិច្ច​ថ្មី​នេះ​។​

​សម្ដេច​ក្រឡាហោម​ក៏បាន​គូសបញ្ជាក់​អំពី​កិច្ចការ​សំខាន់ៗ​ដែល​ត្រូវ​យកចិត្តទុកដាក់​នាពេល​បន្តបន្ទាប់​ខាងមុខនេះ ដូចជា​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា ឃុំ សង្កាត់ និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ជាដើម​។ ជាមួយគ្នា​នេះ​សម្ដេច​ក៏​បាន​គូសបញ្ជាក់​អំពី​ការការពារ​សន្តិភាព សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ​ដែល​ជា​បញ្ហា​គន្លឹះ​នាំឱ្យ​វិស័យ​ផ្សេងៗ​ទៀត​ដំណើរការ​ទៅបាន​។ សម្ដេច​បាន​ណែនាំ​ឱ្យ​យកចិត្តទុកដាក់​បន្ត​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព​ឱ្យ​បាន​ជា​ប្រចាំ ដើម្បី​រួមចំណែក​ពង្រឹង​សន្តិភាព សន្តិសុខ និង​សណ្ដាប់ធ្នាប់​នេះ​។​

​សម្ដេច​ក្រឡាហោម​ក៏បាន​ទាញ​ចំណាប់អារម្មណ៍​អង្គពិធី​អំពី​ការរៀនរស់​ជាមួយកូ​វីដ​-១៩ និង​បាន​គូសបញ្ជាក់​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ ដែល​បាន​ខិតខំ​ដាក់ចេញ​វិធានការ​នានា ព្រម​ទាំង​ការខិតខំ​ទិញ​និង​ស្នើសុំ​វ៉ាក់សាំង​មក​ជាក់​ជូន​ប្រជាពលរដ្ឋ​។ ចំពោះ​ការរៀន​រស់​ជាមួយកូ​វីដ​-១៩ សម្ដេច​ក្រឡាហោម​បាន​មាន​ប្រសា​ន៍​ថា ភារកិច្ច និង​កិច្ចការ​នានា​ត្រូវតែ​បន្ត​និរន្តរភាព ប៉ុន្តែ​ជាមួយ​គ្នា​នេះ យើង​ត្រូវមាន​ការប្រុងប្រយ័ត្ន ដូច​ជា​ការអនុវត្ត​វិធានការ​៣​កុំ ៣​ការពារ​ជា​ដើម​។​

​សម្ដេច​ក្រឡាហោម​ក៏បាន​ណែនាំ​ឱ្យ​រដ្ឋបាល​ខេត្ត បន្ត​យកចិត្តទុកដាក់​លើ​ភារកិច្ច​ដ៏​មាន​សារៈសំខាន់​បំផុត​មួយទៀត គឺ​ការការពារ​បូរណភាព​ទឹកដី ដោយ​សម្ដេច​បាន​សង្កត់​ធ្ងន់​ថា​នេះ​គឺជា​ភារកិច្ច​រួម​របស់​យើងទាំងអស់គ្នា​។ សម្ដេច​ក៏​បាន​ណែនាំ​ឱ្យ​យកចិត្តទុកដាក់​ការពារ​ធនធាន​ធម្មជាតិ ដែល​ជា​ទ្រព្យសម្បត្តិ​របស់​ជាតិ​។ ជាមួយគ្នា​នេះ​សម្ដេច​ក៏​បាន​បន្ត​លើកឡើង​អំពី​របៀបរបប​ការងារ​របស់​រដ្ឋបាល​ខេត្ត ដើម្បី​ធានា​ប្រសិទ្ធភាព​ការងារ និង​រក្សា​បាន​សាមគ្គីភាព​ផ្ទៃក្នុង​។​
​សម្ដេច​ក្រឡាហោម​បាន​ណែនាំ​ក្នុង​ន័យ​ដើម​ថា​«​យើង​ផ្ដល់​សារៈសំខាន់ ផ្ដល់​តម្លៃ​ដល់​ក្រុមប្រឹក្សា​ឱ្យ​បាន​ខ្លាំង ព្រោះ​នៅ​ថ្នាក់​ខេត្ត ក្រុមប្រឹក្សា​ក៏​ជា​អង្គ​ប្រតិបត្តិ​ដែរ មិនមែន​ជា​អង្គបញ្ញត្តិ​ដែល​ចាំតែ​គណៈ​អភិបាល​រាយការណ៍​នោះទេ គឺ​ក្រុមប្រឹក្សា​មាន​សិទ្ធិ ប្រសិនបើ​គណៈ​អភិបាល​មិន​រៀបចំ​ខ្លឹមសារ​កិច្ចប្រជុំ សមាជិក​ក្រុមប្រឹក្សា​១​ភាគ​៣​មាន​សិទ្ធិ​ស្នើ​កោះប្រជុំ មាន​សិទ្ធិ​កោះហៅ​ចៅហ្វាយខេត្ត​ដើម្បី​ប្រជុំ​។ មាន​កន្លែង​ខ្លះ​គណៈ​អភិបាល​មិន​ខ្ចី​ចូលរួម​ប្រជុំ ហើយ​មិន​ឱ្យ​តម្លៃ​ក្រុមប្រឹក្សា ដែល​ចំណុច​នេះ​គឺជា​ការខុសឆ្គង​ហើយ​»​។​

សម្ដេច​បាន​សង្កត់ធ្ងន់​ថា​គណៈ​អភិបាល​ខ្លះ​មិន​គោរព​ក្រុមប្រឹក្សា​នោះទេ ដ្បិត​យល់​ថា​សមាជិក​ក្រុមប្រឹក្សា​នោះ​មាន​សមាសភាព​មកពី​អ្នក​ដែល​ធ្លាប់​មាន​ឋានៈ​តូចតាច​ជាង​ខ្លួន ប៉ុន្តែ​ការគិត​ដូច្នេះ​ត្រូវ​បាន​សម្ដេច​ចាត់ទុក​ថា​ការគិត​ខុស និង​ស្នើសុំ​ឱ្យមាន​ការកែប្រែ​ចំណុច​នេះ ដើម្បី​ពង្រឹង​របៀបរបប​ការងារ​ឡើងវិញ​។ សម្ដេច​បាន​បន្ត​ថា​តួអង្គ​ប្រធាន​ក្រុមប្រឹក្សា និង​គណៈ​អភិបាល​ត្រូវតែ​សាមគ្គី​គ្នា ធ្វើការ​ជាមួយគ្នា ត្រូវ​មាន​ការជជែក​គ្នា​បើ​ចាំបាច់ ដើម្បី​រៀបចំ​កិច្ចប្រជុំ​ណាមួយ​ដែល​មាន​សារៈសំខាន់​។ សម្ដេច​ក៏​បាន​គូសបញ្ជាក់​ពី​មន្ត្រី​ឱកាសនិយម មន្ត្រី​ប្រើ​អំណាច​ដោយ​រំលោភ ដោយ​សង្កត់​ធ្ងន់​ឱ្យ​ចៀសវាង​កុំ​ធ្វើ​ជា​មន្ត្រី​បែប​នេះ​ឱ្យសោះ ព្រោះ​ជា​បញ្ហា​ដែល​នាំ​ផ្ទៃក្នុង​មិន​រឹងមាំ​។
​សម្ដេច​ក៏​បាន​បន្ត​ណែនាំ​ឱ្យ​ក​ចិត្ត​ទុកដាក់​លើ​តួអង្គ​៤​ដែល​សំខាន់ រួម​មាន​មេឃុំ​ចៅសង្កាត់ ស្មៀន​ឃុំ​ស្មៀន​សង្កាត់ មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សង្កាត់ និង​មេភូមិ​។

​សម្ដេច​បាន​ណែនាំ​ឱ្យ​ផ្ដល់​ការលើកទឹកចិត្ត​ដល់​សមាសភាព​សំខាន់​ទាំង​៤​នេះ​ឱ្យ​ខិតខំ​យកចិត្តទុកដាក់​បំពេញ​ភារកិច្ច​បំរើ​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ បន្ថែម​លើ​ការខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់លើ និង​រាជរដ្ឋាភិបាល​។

​សម្ដេច​បាន​សង្កត់ធ្ងន់​ថា​សមាសភាព​មន្ត្រី​ទាំង​៤​ខាងលើនេះ គឺជា​អ្នក​កៀក និង​បំពេញ​ភារកិច្ច​ជាប់​ជាមួយ​ជីវភាព​រស់នៅ​ប្រជាពលរដ្ឋ​ជា​រៀងរាល់ថ្ងៃ ហើយ​ពលរដ្ឋ​អាច​ដឹង​ថា​គាត់​ធ្វើ​បាន​ល្អ ឬ​មិន​ល្អ​។​

សម្ដេច​ក្រឡាហោម​ឧបនាយករដ្ឋមន្ត្រី ក៏បាន​ផ្ដល់​អនុសាសន៍​ឱ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ទាំងអស់ សូម​ខិតខំ​ប្រមូល​បញ្ហា​នានា​របស់​ប្រជាពលរដ្ឋ​យកមក​ដោះស្រាយ​ឱ្យ​មាន​តម្លាភាព យុត្តិធម៌ ធ្វើឱ្យ​ពលរដ្ឋ​មាន​ភាពកក់ក្ដៅ​ក្នុងសង្គម​។ ក្នុងឱកាស​នោះ​ដែរ សម្ដេច​ក៏​បាន​ផ្ដល់​ការពន្យល់​អំពី​អត្ថន័យ​នៃ​អភិក្រម​ទាំង​៥​ដែល​បាន​ដាក់ចេញ​ដោយ​សម្ដេច​តេជោ​ប្រមុខរាជ​រដ្ឋាភិបាល ក្នុង​នោះ​សម្រាប់​អភិក្រម​ឆ្លុះកញ្ចក់ សម្ដេច​បាន​មានប្រសាសន៍ថា រាល់​ការ​យល់​ឃើញ ការលើកឡើង​ពី​ពលរដ្ឋ ពី​មជ្ឈដ្ឋាន​នានា ការរិះគន់​ក្នុងន័យ​ស្ថាបនា គឺជា​កញ្ចក់​ឆ្លុះ​ឱ្យឃើញ​ពី​បញ្ហា​នានា​។​

​ពាក់ព័ន្ធ​នឹង​ការងារ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ សម្ដេច​ក្រឡាហោម​បាន​គូសបញ្ជាក់​ថា​សម្រាប់​កម្ពុ​ជា ទោះបីជា​ការងារ​នេះ​មិន​ទាន់​អនុវត្ត​បាន​យូរ ប៉ុន្តែ​កម្ពុជា​បាន​ទទួលផល​ច្រើន​សមគួរ​ពី​ការអនុវត្ត​ការងារ​កំណែទម្រង់​នេះ ដ្បិត​បណ្ដា​ប្រទេស​នានា ពិសេស​ប្រទេស​ដែល​កម្ពុជា​បាន​រៀនសូត្រ​នោះ បាន​អនុវត្ត​ការងារ​កំណែទម្រង់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នេះ​រាប់រយឆ្នាំ និង​ឆ្លងកាត់​បទពិសោធន៍​ច្រើន​ជាង​កម្ពុជា​ផង​។ សម្ដេច​បាន​ស្នើ​ក្រុមប្រឹក្សា និង​គណៈ​អភិបាល​ត្រូវ​ខិតខំ​អនុវត្ត​អំណាច​ដែល​ថ្នាក់​ជាតិ​ផ្ទេរ​មក​ហើយ​នេះ​ឱ្យបាន​ល្អ ដើម្បី​អភិវឌ្ឍន៍​មូលដ្ឋាន​របស់​ខ្លួន​៕

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2021 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.