ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋនិងសិស្សសាលាបឋម សិក្សាពង្រស្ថិតនៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យសព្វថ្ងៃនេះ កំពុងមានការព្រួយបារម្ភអំពីបញ្ហាសុខភាពយ៉ាងខ្លាំង ដោយសារក្រុមហ៊ុនដឹកដីរបស់ឈ្មោះ ញ៉ែមសាវ៉ួន ប្រពន្ធលោកទូធៀនតឺ ដឹកជញ្ជូនដីភ្នំកងវ៉ា កាត់តាមសាលារៀននិងមុខផ្ទះប្រជាពលរដ្ឋ ពីមួយថ្ងៃទៅមួយថ្ងៃរាប់រយរថយន្ត។
ប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ បានប្រាប់ឲ្យដឹងថាក្រុមហ៊ុនញ៉ែមសាវ៉ួន ជាក្រុមហ៊ុនមានអំណាចមួយ នៅខេត្តបន្ទាយមានជ័យនេះ ក្រុមហ៊ុននេះគេនៅតែធ្វើសកម្មភាពជីកកកាយដីភ្នំ នៅចំណុចភ្នំកងវ៉ាយ៉ាងគគ្រឹកគ្រេងតែដដែល ។ បើទោះបីបញ្ចប់ អាជ្ញាប័ណ្ណអាជីវកម្ម កាយដីភ្នំនៅក្រុងសិរីសោភ័ណពីក្រសួងរ៉ែនិងថាមពលបានបញ្ចប់ អាជីវកម្មរួច ហើយយ៉ាងណាក៏ដោយ ។ ក្រុមហ៊ុន ញ៉ែម សាវ៉ួន កកាយដីភ្នំលក់បែប អនាធិបតេយ្យនេះកំពុងតែធ្វើសកម្មភាព ប្រព្រឹត្តខុសច្បាប់ធ្វើអាជីវកម្ម ដីភ្នំធម្មជាតិរបស់រដ្ឋហើយ។
លោកគ្រូអ្នកគ្រូនិងប្រជាពលរដ្ឋ នៅភូមិពង្របានប្រាប់ឲ្យដឹងថាសព្វថ្ងៃនេះ ពួកគាត់ខ្វល់ខ្វាយយ៉ាងខ្លាំងពីបញ្ហាដីហុយគ្រោះថ្នាក់ចរាចរណ៍ របស់សិស្សផងពីព្រោះក្នុងមួយថ្ងៃទៅមួយថ្ងៃ មានរថយន្តដឹកដីមិនក្រោម១០០រថយន្តនោះទេ បានបើកឆ្លងកាត់មុខផ្ទះនិងក្បែរសាលារៀន បង្កជាដីហុយប៉ះពាល់ដល់សុខភាពនិងបើកលឿន នៅពេលសិស្សតូចៗចេញពីសាលារៀនទៅផ្ទះ និងចេញពីផ្ទះមកសាលារៀន ។អស់លោកបានបញ្ជាក់ទៀតថា បញ្ហាប្រឈមទាំងនេះមានរយៈពេលជាច្រើនឆ្នាំ មកហើយប៉ុន្តែគេមិនដែលឃើញមានអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធណាជួយដោះស្រាយ ដល់ប្រជាពលរដ្ឋនោះឡើយការរងផលប៉ះពាល់ពីដីហុយនេះ គឺមានមនុស្សចាស់និងកូនក្មេងមួយចំនួន ក្នុងភូមិអ្នកខ្លះបានធ្លាក់ខ្លួនក្អករាំរ៉ៃជាបណ្តើរៗ ។ ដូច្នេះពួកគាត់សំណូមពរដល់អាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធជួយដោះស្រាយផង។
ជុំវិញការបន្តធ្វើអាជីវកម្មដីភ្នំកងវ៉ា លោកស៊ុតវឌ្ឍនា ប្រធានមន្ទីររ៉ែនិងថាមពលខេត្ត បានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី៣០ខែមីនាឆ្នាំ២០១៥ ថាអាជីវកម្មកាយដីភ្នំកងវ៉ា របស់ក្រុមហ៊ុនញ៉ែមសាវ៉ួននេះ ត្រូវបានបញ្ចប់អាជ្ញាប័ណ្ណយូរហើយតែក្រុមហ៊ុនបានស្នើសុំបន្ត អាជ្ញាប័ណ្ណ ទៅក្រសួងរ៉ែនិងថាមពល ដោយខាងក្រសួងគេពុំទាន់ឆ្លើយតបនោះទេ ។ ចំណែកខាងខេត្ត ក៏មិនអនុញ្ញាតឲ្យកាយដីភ្នំលក់បន្តទៀតដែរ។ ប្រជាពលរដ្ឋបានលើកឡើងទៀតថាក្រុមហ៊ុនញ៉ែមសាវ៉ួន ដែលធ្វើអាជីវកម្មដីភ្នំកងវ៉ា ជីកកកាយយកអាចម៍ដីនៅជើងភ្នំនោះមានជម្រៅប្រមាណពី១៥ម៉ែត្រ ទៅ២០ម៉ែត្រឯណោះ ។
ការបណ្តែតបណ្តោយឱ្យមានការ ធ្វើអាជីវកម្មកាយដីភ្នំលក់តាមតែអំពើចិត្តបែបនេះ គ្មានអ្នកជំនាញមកត្រួតពិនិត្យធ្វើឲ្យបានត្រឹមត្រូវនោះ ប្រជាពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំង ថាថ្ងៃណាមួយភ្នំកងវ៉ាអាចប្រឈមបាក់ដីធ្លាក់ចុះមកក្រោមបង្ក គ្រោះមហន្តរាយ កាន់តែធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋជាមិនខានឡើយ ៕