ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- ​អបអរសាទរ ខួប​អនុស្សាវរីយ៍​លើក​ទី​៤៣ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ០២ ធ្នូ ១៩៧៨ - ០២ ធ្នូ ២០២១ - ​សម្តេច​តេជោ ហ៊ុន សែន បង្ហាញ​អំពី​សារៈសំខាន់​នៃ​ការសាងសង់​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​នៅ​ខេត្ត​ព្រះសីហនុ​ - សម្តេច​តេជោ ហ៊ុន សែន បញ្ជាក់​អត្ថន័យ «​ខ្មែរ​ធ្វើ​បាន​» ដែល​សរសេរ​នៅ​ផ្លូវ​ថ្មី​ក្រុងព្រះសីហនុ​ - សម្តេច​តេជោ ហ៊ុន សែន បញ្ជាក់​អត្ថន័យ «​ដើមឈើ​ចាំ​ស្នេហ៍ និង​សិលា​ចាំ​ស្នេហ៍​» ដែល​ជា​កន្លែង​ដែល​សម្ដេច​បាន​ដាក់​ឈ្មោះ​នៅ​ផ្លូវ​ថ្មី​នា​ក្រុង​ព្រះសីហនុ​ - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ - សម្ដេច​តេជោ ហ៊ុន សែន បញ្ជា​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច ចាប់ខ្លួន​ជន​អនាធិបតេយ្យ ដែល​កាប់​ទន្ទ្រានព្រៃ​លិច​ទឹក​យក​ដី​ក្នុង​តំបន់​បឹង​ទន្លេសាប​មក​ផ្ដន្ទាទោស​តាមច្បាប់​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​ចំពោះ លោក​ឧកញ៉ា សែ វេវ ! - លោកជំទាវ តៅ តឿ​ន ភរិយា សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ចាត់​ក្រុមការងារ​នាំយក​ផ្លែ​មៀន​តា​ង៉ែ​ន ជាង​៥០០​គីឡូក្រាម ប្រគល់ជូន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​! - ករណី​ឃាតកម្ម ដែល​មាន​ការចាប់អារម្មណ៍ ភ្ជាប់​ជាមួយ​រឿង​នយោបាយ ក្នុង​ខណ្ឌ​ជ្រោយចង្វារ ត្រូវ​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បំបែក​បាន ក្នុងពេល​មិន​ដល់​៤៨​ម៉ោង​! - សម្តេច​តេជោ ហ៊ុន សែន និង​ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​នៅ​កម្ពុជា អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ស្ពាន​ស្ទឹងត្រង់​-​ក្រូចឆ្មារ និង​បើក​ការដ្ឋាន​សង់​ផ្លូវជាតិ​លេខ «71C»

​ការឈឺចាប់​ដែល​មិនអាច​បំភ្លេច​បាន​

កូនប្រុស​ដ៏​កំសត់​របស់​ពុក​ថ្ងៃនេះ​ជា​ខួប ៤៥​ឆ្នាំ នៃ​ការស្លាប់​យ៉ាង​វេទនា​របស់​កូន នៅក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុលពត (១០ វិច្ឆិកា ១៩៧៦-១០ វិច្ឆិកា ២០២១)​។ ពុក និង​ម៉ែកូន មិន​ដែល​ភ្លេច​ទេ​នូវ​សោកនាដកម្ម​ដែល​បាន​កើតឡើង​ចំពោះ​រូប​កូន ព្រមទាំង​ពុក​និង​ម៉ែ​នោះទេ​។ ការរៀបចំ​ឡើង​នូវ​ផ្នូរ​របស់​កូន និង​ចម្រៀង “​អនិច្ចារ​កូន​កំសត់​ប្រវត្តិ​ម្ដាយ​កម្ម​” “​ទំនួញ​កំសត់​ប្រវត្តិ​វិទ្យាល័យ​” និង “​ព្រលឹង​កំសត់​” ដែល​ពុក​ម៉ែ​បាន​ធ្វើឡើង​ក្នុង​បំណង​រំលឹក​ដល់​វិញ្ញាណក្ខន្ឋ​កូន និង​ការឈឺចាប់​នាពេលនោះ​។​

​ពុក​នៅ​ចាំ​បាន​យ៉ាង​ច្បាស់​ថា ក្រោយ​ម៉ោង​៦​ព្រឹក ថ្ងៃទី​១០ ខែ​វិច្ចិកា ឆ្នាំ​១៩៧៦ ក្រោយ​ពេល​កូន​ប្រសូត្រ​ចាក​ផ្ទៃ​ម្តាយ​កូន គ្រូពេទ្យ​បាន​ធ្វើឱ្យ​កូន​របូត​ធ្លាក់​ពី​ដៃ​ត្រូវ​នឹង​ជ្រុង​គ្រែ​ធ្វើ​ឱ្យ​កូន​បាក់​ឆ្អឹងខ្នង​ធ្លាក់​ដល់​ដី​គាប់​ជួន​ពុក​បាន​ធ្វើដំណើរ​ពី​ភូមិ​កោះ​ថ្ម​ឃុំ​ទន្លូ​ង ទៅដល់​មន្ទីរពេទ្យ​តំបន់​ដែល​តាំងនៅ​អតីត​អនុវិទ្យាល័យ​ស្រុក​មេមត់​។​

​ម្តាយកូន​ឆ្លងទន្លេ​ម្នាក់ឯង​ដោយ​មិន​មាន​ពុក​នៅ​មើលថែ​ទេ​។ ពុក​មិនបាន​បំពេញ​ការងារ​ជា​ប្តី ជា​ឪពុក​ទេ ព្រោះ​ពេលនោះ​មិនថាតែ​ពុក​នោះទេ គឺ​ប្រជាជន​ទូទាំង​ប្រទេស​មាន​សិទ្ឋិ​តិច​ជាង​សត្វ​ឆ្កែ​ឬ​ឆ្មា​ទៅទៀត​។ ឆ្កែ ឆ្មា​វា​មាន​សិទ្ឋិ​ការពារ​កូន​វា​ច្រើនជាង​មនុស្ស​។ តែ​ដូច​ទេវតា​បាន​ជួយ​រៀបចំ​ឱ្យ​ពុក​បាន​ធ្វើដំណើរ​ជាមួយ​មេបញ្ជាការ​ទៅ​កាន់​ស្រុក​ត្បូងឃ្មុំ​នាពេលនោះ ដែល​ពុក​មាន​ឱកាស​ចូល​មើល ម្តាយ​កូន​នៅ​មន្ទីរពេទ្យ​ប្រចាំ​ស្រុក​មេមត់​។​

​ភាព​តក់ស្លុត​បាន​កើត​ឡើង​ចំពោះ​រូប​ពុក​នៅពេល​ដែល​ពុក​ឈាន​ជើង​ចូល​ដល់​មន្ទីរពេទ្យ ហើយ​ត្រូវ​អ្នក​ជម្ងឺ​ដែល​សម្រាក​ជាមួយ​ម្តាយ​កូន​ស្រែក​ប្រាប់​ថា “​រ៉ានី​ឆ្លងទន្លេ ហើយ​កូន​ស្លាប់​ហើយ​”​។ ពុក​ប្រឹង​រត់​ទៅ​រក​កូន​ឃើញ​ឈាម​កូន​កំពុង​ហូរ​ចេញ​តាម​មាត់ ពុក​ប្រឹង​ស្រែក​ឱ្យ​គេ​ជួយ​ដើម្បី​សង្គ្រោះ​ជីវិត​កូន ក្នុងពេលដែល​ម្តាយកូន​សន្លប់​មិនទាន់​ដឹងខ្លួន និង​មិន​ទាន់​ដឹងថា​កូន​ស្លាប់​នៅ​ឡើយ អាស្រ័យ​ដោយ​នៅ​បន្ទប់​នៅ​ផ្សេងគ្នា​។​

ពុក​អត់​ធ្វើ​អ្វី​បាន​ទេ​កូន ពុក​បាន​សុំ​មេបញ្ជាការ​ឃោរឃៅ ដើម្បី​យក​សព​កូន​ទៅ​កប់​នឹង​នៅ​មើលថែទាំ ម្តាយ​កូន​ក្រោយ​ឆ្លងទន្លេ​។ មិន​ត្រឹមតែ​មិន​បាន​ទទួល​ការអនុញ្ញាត​ប៉ុណ្ណោះ​ទេ តែ​ពុក​ត្រូវ​រង​នូវ​ការប្រមាថ​យ៉ាងធ្ងន់ធ្ងរ​ទៀតផង “ កម្ម​សិទ្ឋិ​មនោសញ្ចេតនា​ក្រាស់​” “ មិត្តឯង​មិនមែន​គ្រូពេទ្យ​ទេ​” “ បើ​មិត្តឯង​នៅ ក៏​អា​កូន​នេះ​មិន​រស់​ឡើង​វិញ​ដែរ​” “​មាន​ពេទ្យ​យក​ខ្មោច​កូន​នេះ​ទៅ​កប់​ហើយ មិនបាច់​កប់​ខ្លួនឯង​ទេ​” “​ការងារ​អង្គ​ការសំខាន់​ជាង​ការងារ​បុគ្គល​” ។​ល​។​

​ឈឺចាប់​ណាស់​កូន តែ​ពុក​ត្រូវ​ទ្រាំ​អត់ធ្មត់​ព្រោះ​ការងារ​ដែល​ពុក​ត្រូវធ្វើ គឺ​រំដោះ​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស​ចេញពី​របប​ឃោរឃៅ​នេះ​។ ពុក​ពុំមាន​អ្វី​ផ្តល់ឱ្យ​កូន​ក្រៅតែពី​ក្រ​ម៉ា​១ ដែល​ដោះ​ចេញ​ពី​ក​ពុក​ដើម្បី​រុំ​ខ្មោច​កូន​នោះទេ​។ ពុក​ខំប្រឹង​ទៅរក​ម្តាយកូន​ដែល​ទើប​ដឹង​ខ្លួន​បន្ទាប់​ពី​សន្លប់ ហើយ​ប្រាប់​គាត់​ថា កូន​ស្លាប់​ហើយ​នឹង​ដាក់​ឈ្មោះ​កូន​ថា “​កំសត់​”​។ ឈ្មោះ​នេះ​នៅ​ជាប់​ជានិច្ច​ក្នុង​វិញ្ញាណ​ពុក ហើយ​កូន កំសត់​នេះ​ហាក់​តាម​ថែរក្សា​ពុក​ម៉ែ​គ្រប់ពេលវេលា​។​
​ពួក​គេ​បង្ខំ​ឱ្យ​ពុក​ចាកចេញ​ពី​ម្តាយ​កូន​និង​ខ្មោច​កូន​ទាំង​ការឈឺចាប់​ជាមួយ​ទឹកភ្នែក​រាប់​ម៉ឺន​ដំណក់​។ ៣​ថ្ងៃ​ក្រោយមក ​ទើប​ពុក​បាន​ការអនុញ្ញាត​ទៅ​ជួប​ម្តាយកូន​សារជាថ្មី​ដែល​កំពុង​មាន​ជម្ងឺ​ជា​ទម្ងន់ ដែល​ខ្មែរ​យើង​និយម​ហៅថា ”​សល់​សុក​”​។ ពុក​ត្រូវយក​ម្តាយកូន​ចេញពី​ពេទ្យ​ដើម្បី​ឱ្យ​ឆ្មប​បុរាណ​ខ្មែរ​កាយ​ទម្លាក់​សុក​ចេញ ទើប​សង្គ្រោះ​ជីវិត​ម្ដាយ​កូន​បាន​។ ពុក​សុំទោស​កូន ដែល​ពុក​មិនដឹងថា សាកសព​កូន​គេ​យក​ទៅ​កប់ ឬ​បោះចោល​នៅទីណា ព្រោះ​ការងារ​បន្ទាន់​របស់​ពុក គឺ​ត្រូវ​យក​ម្តាយកូន​ចេញពី​មន្ទីរពេទ្យ​ទៅ​ព្យាបាល​តាម​បែប​បុរាណ​វិញ​។ ពុក​ពុំមាន​ពេល​ស្វែងរក​សាកសព​កូន​នៅពេល​នោះ​ទេ សង្ឃឹម​ថា​កូន​យោគយល់ ហើយ​មក​នៅ​ផ្នូរ​ដែល​ពុក​ម៉ែ​បាន​សាងសង់​សំរាប់​កូន​តាំង​ពី​ទសវត្ស​ឆ្នាំ ១៩៨០ មក​។​

​រៀង​រាល់​ពេល​ដែល​ពុក​នឹក​ដល់​រឿង​ដ៏​ឈឺចាប់​នេះ ទឹកភ្នែក​ពុក​តែងតែ​ហូរ​ចេញមក នេះ​ជា​ទឹកភ្នែក​នឹក​ដល់​កូន​កំសត់ ជា​ទឹកភ្នែក​នឹក​ដល់​ការឈឺចាប់​លើសពី​ការ​អត់ធ្មត់​បានរ​បស់​មនុស្ស ជា​ទឹកភ្នែក​នឹក​ដល់​ប្រជាជន​កម្ពុជា​រាប់លាន​នាក់​ដែល​ត្រូវ​ពួក​ប៉ុល​ពត សម្លាប់ និង​ធ្វើបាប​ដូច​ក្រុមគ្រួសារ​យើង​ដែរ​។​

​កន្លង​មក​ប្អូនប្រុស​ប្អូនស្រី និង​ក្មួយៗ​របស់​កូន​បាន​ទៅ​ដល់​ផ្នូរ​កូន ហើយ​ពុក​ម៉ែ​ក៏​បាន​រៀបចំ​បង្សុកូល​ឱ្យ កូន​ផង​ដែរ​។ កូន កំសត់ សូម​ព្រលឹង​កូន​បន្ត​តាម​ថែរក្សា​ពុក ម៉ែ ប្អូនៗ និង​ក្មួយៗ​របស់​កូន​តទៅទៀត​។ ពុក​នៅតែ​សូម​ការយោគយល់​ពី​កូន​ដែល​មិន​បាន​យក​សព​កូន​ទៅ​បញ្ចុះ​ដោយ​ខ្លួនឯង​។ ពុក​ត្រូវ​អត់ធ្មត់ និង​ធ្វើ​តាម​បញ្ជារ​របស់​ពួក​ឃាតករ តែ​ការអត់ធ្មត់​នោះ​ហើយ​ដែល​រក្សា​ជីវិត​ពុក និង​ម៉ែកូន ព្រមទាំង​ផ្តល់ឱកាស​ឱ្យ​ពុក​រួមចំណែក​ដឹកនាំ​ចលនា​តស៊ូ​រំដោះជាតិ និង​ប្រជាជន​ពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត និង​កសាង​ប្រទេស​បាន​រីក​ចម្រើន​រហូត​សព្វថ្ងៃ​៕

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2021 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.