ពោធិសាត់# ប្រជាពលរដ្ឋជិត៣០០គ្រួសារ ស្ថិតនៅក្នុងឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិសាត់ ទទួលបានអណ្តូងទឹកស្អាត ចំនួន១០ ពីមូលនីធិអណ្តូងទឹក របស់អ្នកឧកញ៉ាមហាភក្តី សប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក ដែលការប្រគល់អណ្តូងទឹកនេះ បានធ្វើឡើងដោយការចុះជួបផ្ទាល់ ជាមួយប្រជាពលរដ្ឋ ពីសំណាក់លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បុត្រប្រសារសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត រួមទាំងក្រុមការងារមួយចំនួនទៀត កាលពីថ្ងៃទី៩ ខែ មិថុនា ២០១៨នេះ។
មានប្រសាសន៍នៅក្នុង ពិធីប្រគល់អណ្តូងទាំងនេះ លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការប្រគល់អណ្តូងទឹកនេះ គឺការធ្វើបុណ្យជាមួយប្រជាពលរដ្ឋ និងជាការគិតគូយកចិត្តទុកដាក់ ពីសុខទុក្ខ ការរស់នៅរបស់ប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែងតាមរយៈ ការឱ្យក្រុមការងារនិងមន្ត្រី របស់គណបក្សប្រជាជនកម្ពុជា ចុះជួបប្រជាពលរដ្ឋ ដើម្បីស្វែងយល់ពីតម្រូវការ ជាក់ស្តែង និងដោះស្រាយ តម្រូវការបម្រើប្រជាពលរដ្ឋ ទៅតាមលទ្ធភាព។ ជាក់ស្តែង ដោយមើលឃើញ ពីតម្រូវការចាំបាច់សម្រាប់ ការរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ដែលនៅតំបន់ឆ្ងាយពីប្រភពទឹក មានការខ្វះខាតទឹកស្អាតប្រើប្រាស់ ជាពិសេស នៅរដូវប្រាំង ទើបសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់អោយក្រុមការងារមូលនីធិ អណ្តូងទឹករបស់អ្នកឧកញ៉ា មហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក ឪពុកម្តាយបង្កើតសម្តេចតេជោ ហ៊ុន សែន ធ្វើជូនប្រជាពលរដ្ឋនៅទីនេះអាស្រ័យផល ដើម្បីបង្កភាពងាយស្រួល និងបំពេញសេចក្តីត្រូវការ ក្នុងជីវភាពប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ។
ប្រជាពលរដ្ឋ ដែលបានទទួលអណ្តូង ទឹកទាំងអស់ ម្នាក់ៗបានសំដែងនូវក្តី រំភើបសប្បាយរីករាយ និងដឹងគុណយ៉ាងជ្រាវជ្រៅ ចំពោះម្ចាស់អណ្តូង ពិសេសសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ឋិបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ គិតគូរពីសុខភាពប្រជាពលរដ្ឋ គ្រប់ទីកន្លែង ជួយដោះស្រាយបញ្ហាទឹកស្អាត និងបំពេញនូវសេចក្តី ត្រូវការផ្សេងៗទៀត នៅពេលដែលពលរដ្ឋ ជួបការលំបាក ដោយគ្មានការរើសអើងអ្វីឡើយ។
សូមបញ្ជាក់ថា អណ្តូងដែលជាអំណោយ របស់លោកតា ហ៊ុន នាង និងលោកយាយ ឌី ប៉ុក ឪពុកម្តាយបង្កើតសម្តេចតេជោ ហ៊ុន សែន បានធ្វើជូនប្រជាពលរដ្ឋ នៅទូទាំងប្រទេសបានចំនួន១ពាន់អណ្តូង។ ហើយ រយៈពេល៥ឆ្នាំមកនេះ ក្រុមការងារខួងរួចរាល់ បានចំនួន៤៧៧អណ្តូងហើយ រួមទាំងអណ្តូងដែលដាក់ អោយប្រើប្រាស់ជាផ្លូវការ បានចំនួន ៣៩៦ អណ្តូងរួចមកហើយ ។
ក្នុងឱកាសនោះដែរលោកស្រី ក៏បានដឹកនាំ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ មកពិនិត្យសុខភាពបងប្អូន ប្រជាពលរដ្ឋមួយចំនួនទៀតផងដែរ សំរាប់ពលរដ្ឋណា ដែលមានបញ្ហាសុខភាព និងទទួលបានការពិគ្រោះ ជម្ងឺជាមួយគ្រូពេទ្យជំនាញ និងផ្តល់ថ្នាំព្យាបាលជំងឺស្រាលៗ ដោយមិនគិតថ្លៃ។ លើសពីនោះ បើមានសភាពជំងឺធ្ងន់ធ្ងរ ត្រូវបានបញ្ជូនមកព្យាបាលនៅភ្នំពេញជូន ក្រោមការឧបត្ថម្ភទាំងស្រុង ពីសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ឋិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕