ភ្នំពេញ #
រយៈពេលប៉ុន្មានថ្ងៃនេះ មានជំនន់ទឹកភ្លៀង នៅតាមបណ្ដាខេត្តមួយ ចំនួនបាន ជន់លិច។
លោក ចាន់ យុត្ថា នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យ ក្រសួងធនធានទឹក និង ឧតុនិយម បានបញ្ជាក់ថា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ ជំនន់ទឹកភ្លៀងនៅទូទាំង ប្រទេសបានធូរស្រាល ស្ទើរតែទាំងស្រុងហើយ ។
ជាមួយគ្នានេះដែរ កម្ពុជាក៏ទទួលរងនូវសម្ពាធទាប និងឥទ្ធិពលខ្យល់ព្យុះទី៩ ឈ្មោះ សុន ទីញដែរ ដោយបានបង្កឲ្យមានភ្លៀងធ្លាក់ជោគជាំ។
ជំនន់ទឹកភ្លៀង បានបង្កឲ្យមានការជន់លិច នៅតាមបណ្តាខេត្តមួយចំនួន ធ្វើឲ្យកំណាត់ខ្សែផ្លូវ ស្ពាន មួយចំនួនត្រូវបានកាត់ផ្តាច់ចរាចរណ៍ទាំងស្រុង ដូចជាកំណាត់ផ្លូវជាតិលេខ៤ និង កំណាត់ផ្លូវខេត្តលេខ១៣២ ជាដើម ។ ខ្សែផ្លូវជាតិ ផ្លូវខេត្ត មួយចំនួនទៀតក៏ទទួល រងការខូច ខាតស្រទាប់ផ្លូវ ផ្នែកផ្ទៃខាងលើផងដែរ ដូចជា៖ កំណាត់ផ្លូវជាតិលេខ២ លេខ៣ លេខ៣៣ លេខ៤១ លេខ៤៥ លេខ៤៨ លេខ៥៧ និងកំណាត់ ផ្លូវខេត្តលេខ១៤៨ លេខ៣៧៧ លេខ១៣៣២ លេខ១៣៣៣ លេខ១៣៣៥ លេខ១៥៩ជាដើម ដែលបង្កឲ្យមានការ លំបាកក្នុងការធ្វើដំណើរ។
លោក ចាន់ យុត្ថា បានមានប្រសាស នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ ថាបើនិយាយខណៈនេះ គឺវាបានធូរស្រាល ស្ទើទាំងស្រុងទៅហើយ។ កោះកុង វាស្រក់អស់ ហើយ កន្លែងដែលធ្លាប់លិចកន្លងមក។
លោកបន្ដថា នៅមានតំបន់មួយចំនួន ដែរមិនទាន់ស្រក់នោះ គឺនៅតំបន់ព្រែកស្រែអំបិល ស្ថិតនៅស្រុកស្រែអំបិល ខេត្តកោះកុង ក៏ប៉ុន្ដែនៅតំបន់ព្រែកស្រែអំបិល តំបន់ខ្ពស់ ស្រក់ ប្រហែលបាន១ម៉ែត្រដែរ ។ ចំណែកខេត្តកំពត ស្រុកទឹកឈូ ស្រុកជុំគិរី ក៏បានស្រក់ផងដែរ ។ ខេត្តកំពង់ស្ពឺវិញ ក៏បានស្រក់ជាបន្ដបន្ទាប់ ដូច្នេះក្រសួងធនធានទឹក ក៏បានបញ្ជាឲ្យបិទទ្វារទឹក ចំនួន២កន្លែង គឺនៅទំនប់រឡាំងជ្រៃ ស្រុកសំរោងទង។
លោកបន្ថែមថា ស្ថានភាពជំនន់ទឹកភ្លៀងបានធូរស្រាល ក៏ប៉ុន្ដែទឹកហូរមកពីខេត្តកំពង់ស្ពឺ បានធ្វើប៉ះពាល់កន្លែងមួយចំនួននៅរាជធានីភ្នំពេញ ជាពិសេស នៅខណ្ឌដង្កោ និងស្រុក កណ្តាលស្ទឹង ខេត្កណ្តាល ដែលមានទីតាំងនៅទំនប់ទឹកដើមឬស ដូច្នេះក្រសួងធនធានទឹក ក៏ត្រៀមគ្រឿងចក្រដើម្បីទប់ទល់ហើយដែរ។
បន្ទាប់ពីជំនន់ទឹកភ្លៀងនោះ អ្នកនាំពាក្យក្រសួងធនធានទឹក ក៏បានលើកឡើងអំពីបញ្ហាជំនន់ ទឹកទន្លេម្ដង លោកបានអះអាងថា ទន្លេមេង្គបានបន្ដកើតឡើង ក៏ប៉ុន្ដែក៏មិនទាន់ប្រកាសអាសន្ន ដូច្នេះប្រជាពលរដ្ឋរស់នៅតាមដងទន្លេ និងអ្នកធ្វើដំណើរតាមផ្លូវត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ កុំឲ្យមានបញ្ហាជាយថាហេតុ ។
រំលឹកផងដែរថា ក្រសួងការពារជាតិ និងភាគីពាក់ព័ន្ធទៀតបានត្រៀមទាំងកម្លាំងជំនាញ ទាំងមធ្យោបាយគ្រប់បែបយ៉ាង ដើម្បីជួយពលរដ្ឋឲ្យបានទាន់ពេលវេលា ក្នុងហេតុការណ៍ គ្រោះមហន្តរាយនេះផងដែរ ។