ចាងហ្វាងការផ្សាយ ៖ ទូច រិទ្ធី / ការិយាល័យ​និពន្ធ : 012674008 / 096 48 50 248 / Email:ttcnnews@gmail.com Website:www.ttcnweb.com
ព័ត៌មាន​ថ្មី
- សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការ គណៈកម្មាធិការ​មជ្ឈឹមបក្ស​កុម្មុយនីស្ត​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ថ្លែង​សារ​ពិសេស ពាក់ព័ន្ធ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV) កម្ពុជា ឡាវ វៀតណាម​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Atul KHARE អគ្គលេខាធិការរង នៃ​អ​.​ស​.​ប​. ទទួលបន្ទុក​ផ្នែក​គាំទ្រ​ប្រតិបត្តិការ ចូលជួប​សម្ដែង​ការគួរសម​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ អាកាសយានិក​ចំនួន ២ រូប ដែល​បាន​បាត់​ការទាក់ទង​អស់​រយៈពេល ១២ ថ្ងៃ មកទល់ពេលនេះ គឺ​មិន​មាន​មួយ​វិនាទី​ណា ត្រូវបាន​បំភ្លេច​នោះ​ទ្បើយ​ - សម្ដេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អនុញ្ញាត​ឱ្យ ឯកឧត្តម YAMAGUCHI Natsuo សមាជិក​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស Komeito ជប៉ុន ចូលជួប​សម្ដែង​ការគួរសម​ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជំរុញ​ឱ្យ​រដ្ឋលេខាធិកា​រ និង​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ពង្រឹង​គុណភាព​ការងារ​ទទួលបន្ទុក​ - ​ឯកអគ្គរដ្ឋទូត​ហ្វីលីពីន​ប្ដេជ្ញា​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ហ្វីលីពីន​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត​ - អគ្គលេខាធិការរង អង្គការសហប្រជាជាតិ​កោតសរសើរ​ចំពោះ​ការអភិវឌ្ឍ​ដ៏​ល្អ និង​ឆាប់រហ័ស របស់​ព្រះរាជាណាចក្រ​កម្ពុជា​ - សម្តេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ចូលរួម​បញ្ចុះបឋមសិលា សាងសង់​បន្ទប់​ពិគ្រោះ​យោបល់​សម្រាប់​ជនរងគ្រោះ សាល​តាំង​ពិ​ពណ៌​អចិន្ត្រៃយ៍​ស្តីពី​ដំណើរ​ការជំនុំជម្រះ​ក្តី និង​ឧទ្យាន​សម្រាប់​ការចងចាំ​ - ​ឯកឧត្តម ខៀវ កាញារីទ្ធ តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម និង​ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អញ្ជើញ​ជា​អធិបតី​ពិធី​បញ្ចុះសព ឯកឧត្ដម លី វ៉ាន់​ហុង

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ «​អគារ​មណ្ឌល​ផ្តល់​សេវា​ផ្នែក​វះកាត់​» នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ «​អគារ​មណ្ឌល​ផ្តល់​សេវា​ផ្នែក​វះកាត់​» នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប

​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ១២​កើត ខែ​ចេត្រ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២០ ខែ​មេសា ឆ្នាំ​២០២៤ នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម អ៊ូអិ​ណុ អា​ត់ស៊ូ​ស៊ី ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​អគារ​ផ្តល់​សេវា​វះកាត់ ដែល​មានឈ្មោះ​ថា «​អគារ​មណ្ឌល​ផ្តល់​សេវា​ផ្នែក​វះកាត់​» នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប​។

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបង្ហា​ញក្តី​សោមនស្ស​រីករាយ បាន​ចូលរួម ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ «​អគារ​មណ្ឌល​ផ្តល់​សេវា​វះកាត់​» នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប​។​សម្តេច​ធិបតី បាន​ថ្លែង​កោតសរសើរ​ដល់​ថ្នាក់ដឹកនាំ អាជ្ញាធរ និង​កងកម្លាំង​សមត្ថកិច្ច​ក្នុង​ខេត្ត​សៀមរាប ដែល​បាន​រៀបចំ​ពិធី​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​បាន​ល្អប្រសើរ និង​សប្បាយរីករាយ​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា សមិទ្ធផល​អគារ​វះកាត់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប គឺជា​ការដូរ​ឆ្នាំ​ថ្មី​សម្រាប់​ប្រជាពលរដ្ឋ​ខេត្តសៀមរាប និង​ខេត្ត​ជុំវិញ​។ សម្តេច​បាន​ថ្លែងអំណរគុណ​រាជរដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ដែល​បាន​ផ្តល់​ជំនួយ​សាងសង់​អគារ​មន្ទីរពេទ្យ​ជា​មួយ​ការបំពាក់​ឧបករណ៍​ទំនើប​បម្រើ​ដល់​វិស័យ​សុខាភិបាល​។ អគារ​វះកាត់​ថ្មី​នេះ មាន​សមត្ថភាព​អាច​វះកាត់​ខួរក្បាល និង​សរីរាង្គ​ក្នុង​រាងកាយ​មួយចំនួន​ផង​ដែរ​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា អគារ​វះកាត់​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប មន្ទីរពេទ្យតេជោ​កោះធំ និង​មន្ទីរពេទ្យតេជោ​សន្តិភា​ព ដែល​សម្តេច​ធិបតី​សម្ពោធ បាន​ផ្តល់​គុណ​តម្លៃ​ជា​ប្រវត្តិសាស្ត្រ សម្រាប់​វិស័យ​សុខាភិបាល​កម្ពុជា ដែល​បាន​លេចចេញ​ជា​រូបរាង​ឡើង ក្រោម​គំនិត​ផ្តួចផ្តើម​ដ៏​ខ្ពង់ខ្ពស់ និង ចក្ខុវិស័យ​វែងឆ្ងាយ របស់​សម្តេច​តេជោ​ហ៊ុន សែន ប្រធានព្រឹទ្ធសភា​។ ជានិច្ចកាល សម្ដេច​តេជោ ចាត់ទុក​ការវិនិយោគ​លើ​ប្រព័ន្ធ​ថែទាំ​សុខភាព និង សុខុមាលភាព​ប្រជាពលរដ្ឋ ជា​អាទិភាព​ចម្បង​មួយ​នៃ​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា ប្រកបដោយ​ចីរភាព និង​បរិយាប័​ន្ន​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា អគារ​មណ្ឌល​ផ្តល់​សេវា​វះកាត់​នេះ នឹង​ជំរុញ​ឱ្យ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ក្លាយ​ជា​មន្ទីរពេទ្យ​ដ៏​ទំនើប​មួយ ដែល​មាន​ហេដ្ឋារចនាសម្ព័ន្ធ​សំណង់ និង​ការបំពាក់​សម្ភារៈ​ឧបករណ៍​ពេទ្យ ព្រម ទាំង​មាន​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​ទំនើប​ទាន់សម័យ ស្រប​តាម​ស្តង់ដា​អន្តរជាតិ ដើម្បី​ផ្តល់​សេវា​ថែទាំ​សុខភាព​គ្រប់​ជ្រុងជ្រោយ ដូចជា​សេវា​ពិគ្រោះ​ជំងឺ​, សេវា​អប់រំ​លើកកម្ពស់​សុខភាព និង​បង្ការ​ជំងឺ​, សេវា​វិភាគ​រោគ​វិនិច្ឆ័យ និង សេវា​សម្រាក​ព្យាបាល និង​ថែទាំ​។ ការអភិវឌ្ឍ​មូលធន​មនុស្ស សុខភាព និង​សុខុមាលភាព​សង្គម និង​សេដ្ឋកិច្ច ក្នុង​អំឡុង​ពេល​ជាង​ពីរ​ទសវត្សរ៍​ចុងក្រោយ​នេះ មិនអាច​កើត​មាន​ឡើយ ប្រសិនបើ​កម្ពុជា​គ្មាន​សន្តិភាព​ពេញលេញ​, ស្ថិរភាព​នយោបាយ និង​សន្តិសុខ​សង្គម​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការកាត់បន្ថយ​ភាពក្រីក្រ ជាមួយ​នឹង​ការកើនឡើង​នៃ​ការទទួល បាន​សេវា​ថែទាំ​សុខភាព​, ការពង្រីក​ការ​គ្របដណ្ដប់​នៃ​ប្រព័ន្ធ​គាំពារ​សង្គម និង ភាពប្រសើរឡើង នៃ​កត្តា​សង្គម ដែល​មាន​ឥទ្ធិពល​លើ​សុខភាព បាន​ធ្វើឱ្យ​សុខភាព​, សុខុមាលភាព និង គុណភាព ជីវិត​របស់​ប្រជាជន​កម្ពុជា ប្រសើរឡើង ជាមួយនឹង​អាយុកាល​មធ្យម​សង្ឃឹម​រស់​កាន់តែ​វែង​។ សម្តេច​បាន​ថ្លែងអំណរគុណ​ប្រជាជន និង​រាជរដ្ឋាភិបាល​ជប៉ុន ដែល​បាន​ផ្ដល់​ជំនួយ​ឧបត្ថម្ភ​គាំទ្រ​ទាំង​ថវិកា និង​បច្ចេកទេស ក្នុង​ការស្តារ និង​អភិវឌ្ឍ ប្រទេស​កម្ពុជា​ឡើង​វិញ​នៅ​ក្រោយ​សង្គ្រាម​ជាង​២​ទសវត្សរ៍​កន្លងមក​នេះ​។ ជាពិសេស​ការជួយ​គាំទ្រ ក្នុង​វិស័យ​សុខាភិបាល ដូចជា​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​,​ការអភិវឌ្ឍ​ធនធានមនុស្ស និង​ការបំពាក់ ឧបករណ៍​សម្ភារៈ​បរិក្ខារ​វេជ្ជសាស្ត្រ​ទំនើបៗ និង​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន នៅតាម​មូលដ្ឋាន​សុខាភិបាល​មួយចំនួន ដូចជា មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​រោគរបេង និង​ហង់​សិន​, មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក​, មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន មង្គលបុរី​នៃ​ខេត្ត​បន្ទាយមានជ័យ​, មន្ទីរពេទ្យបង្អែក​ខេត្ត​កំពង់ចាម​, មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​, មន្ទីរពេទ្យបង្អែក​ខេត្ត​ស្វាយរៀង​, មន្ទីរពេទ្យបង្អែក​ខេត្ត​បាត់ដំបង និង​ពេល​នេះ មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការអភិវឌ្ឍ​វិស័យ​សុខាភិបាល គឺជា​កិច្ចការ​ដ៏​សំខាន់​របស់​រាជរដ្ឋាភិបាល ដើម្បី​ធ្វើឱ្យ​ប្រសើរ​នូវ​សុខុមាលភាព​មូលធន​មនុស្ស​។ រាជរដ្ឋាភិបាល បាន​ដាក់​ចេញ​គោលដៅ​បំពាក់​បរិក្ខារ​ពេទ្យ​ទំនើបៗ​ទៅគ្រប់​មន្ទីរពេទ្យ តែ​ក៏​ត្រូវ​បណ្តុះបណ្តាល​គ្រូពេទ្យ​ជំនាញ​ផងដែរ ដើម្បី​ឆ្លើយតប​រវាង​បរិក្ខារ​ទំនើប និង​គ្រូពេទ្យ​ជំនាញ​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា នៅ​ឆ្នាំ​២០៣០ មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប នឹង​ក្លាយទៅជា​មន្ទីរពេទ្យ​តំបន់ ដែល​មាន​ទំហំ​ធំ និង​បំពាក់​ដោយ​ឧបករណ៍​ទំនើប​។ ការ​ប្រែក្លាយ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ទៅ​ជា​ពេទ្យ​តំបន់ នឹង​ក្លាយជា​កាដូរ​ធំ​សម្រាប់​ពលរដ្ឋ​នៅ​ខេត្ត​សៀមរាប និង​ខេត្ត​ជុំវិញ​ប្រមាណ ៣​លាន​នាក់​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការ​ប្រែក្លាយ​ពេទ្យ​បង្អែក​ខេត្តសៀមរាប ទៅ​ជា​ពេទ្យ​តំបន់​ជាការ​ស្តែង​ឱ្យឃើញ​ពី​គោលនយោបាយ​ច្បាស់លាស់ របស់​រាជរដ្ឋាភិបាល មិនមែន​មាន​តែ​លើ​ក្រដាស​នោះទេ​។​សម្តេច​ធិបតី​បាន​ថ្លែងថា ការជួយ​មនុស្ស​១​នាក់​ឱ្យ​ជា​ពី​ជំងឺ ជា​ការបង្កើត​ភាព​រីករាយ​ដល់​គ្រួសារ និង​សង្គមជាតិ​ទាំងមូល​ផង​ដែរ​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការពង្រឹង​សមត្ថភាព​មន្ទីរពេទ្យ​ខេត្ត​សៀមរាប ក៏​ជា​យុទ្ធសាស្ត្រ​យូរអង្វែង​សម្រាប់​អ្នកទេសចរ ដែល​មក​លេង​កម្សាន្ត​នៅ​សៀមរាប​។​សម្តេច​ធិបតី​បាន​ថ្លែង​កោតសរសើរ​ចំពោះ​មន្ត្រី​សុខាភិបាល​, គ្រូពេទ្យ និង​បុគ្គលិក​សុខាភិបាល​គ្រប់​លំដាប់ថ្នាក់ ក្នុង​ការបំពេញ​ភារកិច្ច​របស់ខ្លួន បម្រើ​សេវា​សុខភាព​ជូន​ប្រជាពលរដ្ឋ ជាពិសេស ការផ្តល់សេវា​សុខភាព​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​ជនបទ​ដាច់ស្រយាល​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​, រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​, សហគមន៍​, ដៃគូ​អភិវឌ្ឍន៍​ជាតិ​-​អន្តរជាតិ និង អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​បាន​និង​កំពុង​រួមចំណែក​អភិវឌ្ឍ​វិស័យ​សុខាភិបាល ជាពិសេស​ការបង្ការ និង​ការទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩ កន្លងមកនេះ​។ សម្តេច​ធិបតី​បន្តថា ទោះបី​កម្ពុជា​ទទួលបាន​ជោគជ័យ​ក្នុង​ការប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩ និង កំពុង​ស្ដារ​កំណើនសេដ្ឋកិច្ច និង​បន្ត​ពង្រឹង​ភាព​ធន់​ប្រព័ន្ធ​សុខាភិបាល ដើម្បី​ឆ្លើយតប​នឹង​គ្រោះអាសន្ន​សុខភាព ជាយថាហេតុ ក្នុង​ពេល​អនាគត​, វិបត្តិ​ជំងឺ​កូវី​ដ​-១៩ បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​វឌ្ឍនភាព ក្នុង​វិស័យ​សុខាភិបាល ដែល​កម្ពុជា​សម្រេចបាន​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា កម្ពុជា​ចាំបាច់​ត្រូវ​ពន្លឿន​វឌ្ឍនភាព​ឆ្ពោះទៅ សម្រេច​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ទាក់ទង​នឹង​សុខភាព​, ជាពិសេស ការឈាន​ទៅ សម្រេចការ​គ្របដណ្តប់​សុខភាព​ជា​សកល​, ដែល​គ្មាន​ប្រជាជន​ណា​ម្នាក់​ត្រូវបាន​ទុកចោល ដោយ​មិន​បាន​ទទួល​សេវា​ថែទាំ​សុខភាព​នោះឡើយ​។ រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា បានកំណត់​ការអភិវឌ្ឍ​មូលធន មនុស្ស​ជា​អាទិភាព ព្រោះ​មនុស្ស​ដែល​មាន​សុខភាព​ល្អ​ជា​ទ្រព្យសម្បត្តិ​ជាតិ​ដ៏​មាន​តម្លៃ និង​ជា មូលដ្ឋានគ្រឹះ​សម្រាប់​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជរដ្ឋាភិបាល​ផ្តោត​លើ អាទិភាព​ចំនួន ៥ ដើម្បី​អភិវឌ្ឍ​មូលធន​មនុស្ស គឺ​៖ ១). ការបង្កើន​គុណភាព​សិក្សា​អប់រំ កីឡា វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​, ២). ការបង្កើន​ជំនាញ​បច្ចេកទេស និង ការបណ្ដុះបណ្ដាល​, ៣). ការលើកកម្ពស់​សុខភាព និង សុខុមាលភាព​, ៤). ការពង្រឹង​ប្រព័ន្ធ​គាំពារ​សង្គម និង ប្រព័ន្ធ អាហារូបត្ថម្ភ​, និង ៥). ការពង្រឹង​ភាព​ជា​ពលរដ្ឋ​ក្នុង​សង្គម​ដែល​មាន​អារ្យធម៌​ខ្ពង់ខ្ពស់​។ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា គោលដៅ​យុទ្ធសាស្ត្រ​នៃ «​ការលើកកម្ពស់​សុខភាព និង​សុខុមាលភាព​ប្រជាជន​» គឺ​បន្ត​កាត់បន្ថយ​ការឈឺ និង​ស្លាប់ ដែល​បណ្តាលមកពី​ជំងឺ ជាពិសេស ជំងឺមិនឆ្លង​ចម្បងៗ និង​ការលើកកម្ពស់​សុខភាព​បន្ត​ពូជ​, សុខភាព​មាតា ទារក និង​កុមារ​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ដើម្បី​ឈាន​ទៅ​សម្រេច​គោលដៅ​ខាងលើនេះ កម្មវិធី​គោលនយោបាយ​អាទិភាព​ទី​១ ក្នុងចំណោម​កម្មវិធី​គោលនយោបាយ​

​អាទិភាព​ទាំង​៦ របស់​រាជរដ្ឋាភិបាល គឺ​ការផ្ដល់​ការថែទាំ​សុខភាព ឆ្ពោះ​ទៅ​ការ​គ្របដណ្តប់ សុខភាព​ជា​សកល តាមរយៈ ១). ការពង្រីក​ការ​គ្របដណ្តប់​នៃ​កម្មវិធី​មូលនិធិ​សមធម៌​ដល់​គ្រួសារ ងាយ​រង​ហានិភ័យ​ប្រមាណ​ជាង ៤៥ ម៉ឺន​គ្រួសារ ឬ​ស្មើនឹង​សមាជិក​សរុប​ជាង ១,៥ លាន​នាក់ ដែល​បាន​ប្រកាស​ឱ្យ​អនុវត្ត​កាលពី​ខែ តុលា ឆ្នាំ ២០២៣ និង ២). ការពង្រីក​របប​ថែទាំ​សុខភាព នៃ​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) ដល់​សមាជិក​គ្រួសារ និង អ្នក​នៅ​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស​. ជាង ៣ លាន​នាក់​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជរដ្ឋាភិបាល​បាន​ដាក់ឱ្យ​អនុវត្ត​វិធានការ​គន្លឹះ​ក្នុង​វិស័យ​សុខាភិបាល ដែល​ផ្តោត​លើ​ការលើកកម្ពស់​គុណភាព សេវា​សុខាភិបាល និង ការពង្រឹង សមត្ថភាព​ផ្តល់​សេវា​សុខភាព​បឋម​នៅ​មូលដ្ឋាន ដោយ​ផ្តោត​លើ​៖ ទី​១. ពង្រឹង​សមត្ថភាព​ផ្តល់ សេវា​នៅ​មណ្ឌល​សុខភាព និង មន្ទីរពេទ្យបង្អែក​, ទី​២. អភិវឌ្ឍ​សមត្ថភាព​ស្ថាប័ន​សុខាភិបាល គ្រប់​លំដាប់ថ្នាក់ ក្នុង​ការគ្រប់គ្រង​ធនធានមនុស្ស និង ហិរញ្ញវត្ថុ​, ការងារ​និយ័តកម្ម​, ការឆ្លើយតប នឹង​ការ​គម្រាម​សុខភាព​សាធារណៈ និង គ្រោះអាសន្ន​សុខភាព ព្រមទាំង​លើកកម្ពស់​ប្រសិទ្ធភាព នៃ​កិច្ចដំណើរការ​មុខងារ​សា្ថប័ន និង​ទី​៣. កសាង​ភាពជា​ដៃគូ​រឹងមាំ​រវាង វិស័យ​សុខាភិបាល សាធារណៈ និង វិស័យ​ឯកជន ដើម្បី​ធានា​ឱ្យ​ប្រជាជន​ទទួលបាន​សេវា​ថែទាំ​សុខភាព​មាន​គុណ​- ភាព​, សុវត្ថិភាព និង​ប្រសិទ្ធភាព​ខ្ពស់​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការពង្រឹង​គុណភាព​ព្យាបាល​នៅតាម​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​បង្អែក​ស្រុក ជា​ចំណុច​សំខាន់ ដើម្បី​ផ្តល់​សេវា​សង្គ្រោះ​បឋម និង​ជំងឺ​ផ្សេងៗ​ទៀត​។ គោលដៅ​របស់​រាជរដ្ឋាភិបាល ធ្វើឱ្យ​មណ្ឌល​សុខភាព​បើក​ហើយ គឺ​មិន​បិទ​វិញ​ទេ​។ បើក​ហើយ​ត្រូវ​មាន​គ្រូពេទ្យ​ផ្តល់​សេវា​២៤​ម៉ោង​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ក្នុង​រយៈពេល​ប្រមាណ​៤​ឆ្នាំនេះ រាជរដ្ឋាភិបាល​គ្រោង​ចំណាយ​ប្រមាណ ១៤០០​លាន​ដុល្លារ​អាមេរិក សម្រាប់​ពង្រឹង​វិស័យ​សុខាភិបាល​។ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ណែនាំ​គ្រូពេទ្យ​, បុគ្គលិក​សុខាភិបាល ត្រូវ​រក្សា​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ ដោយ​ប្រកាន់ខ្ជាប់​គ្រប់​ពេលវេលា​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ ក្នុង​ការបម្រើ​សេវា​ថែទាំ​សុខភាព​ជូន​ប្រជាពលរដ្ឋ ដោយ​ភាពស្មោះត្រង់​, សុចរិត​ភាព និង​ប្រកបដោយ​សមធម៌​ជា​ពិសេស​ត្រូវ​ធានា​ថា គ្មាន​អ្នកជំងឺ​ណា​ម្នាក់​ត្រូវបាន​រើសអើង និង បដិសេធ​ការទទួលបាន​សេវា​ថែទាំ​ព្យាបាល ដោយសារ​ស្ថានភាព​សង្គម​-​សេដ្ឋកិច្ច​របស់​បុគ្គល ឬ​គ្រួសារ​, ទំនៀមទម្លាប់​, សាសនា និន្នាការ នយោបាយ​ឡើយ​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ណែនាំ​ឱ្យ​បន្ត​ខិតខំ​ប្រឹងប្រែង​លើកកម្ពស់​គុណភាព ប្រសិទ្ធភាព និង​សុវត្ថិភាព​នៃ​សេវា​ថែទាំ សុខភាព សំដៅ​បង្កើន​អត្ថប្រយោជន៍​សុខភាព​របស់​អ្នកជំងឺ តាមរយៈ​ការផ្តល់​សេវា​ថែទាំ​សុខភាព គ្រប់​ជ្រុងជ្រោយ រួមមាន​៖ សេវា​អប់រំ​លើកកម្ពស់​សុខភាព​, សេវា​បង្ការ​, សេវា​វិភាគ​រោគ​វិនិច្ឆ័យ​, ព្យាបាល និង ថែទាំ​, ការតាមដាន​វាយតម្លៃ​គុណភាព​សេវា ដោយ​រាប់បញ្ចូល​ទាំង​អភិបាលកិច្ច គ្លីនិក និង ការដាក់ចេញ​នូវ​វិធានការ​កែលម្អ​គុណភាព​សេវា​ជា​ប្រចាំ​, ការប្រើប្រាស់​បច្ចេកវិទ្យា ឌីជីថល ប្រកប​ដោយ​នវានុវត្តន៍ និង ការ​បំពាក់បំប៉ន​ចំណេះដឹង និង ជំនាញ ដល់​គ្រូពេទ្យ​, បុគ្គលិក​សុខាភិបាល ដើម្បី​បង្កើន​គុណភាព​សេវា​ឲ្យដល់​ស្ដង់ដារ​ខ្ពស់ ដែល​ឆ្លើយតប​ទៅនឹង ការរំពឹងទុក​របស់​ប្រជាពលរដ្ឋ​។ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែនាំ លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការផ្តល់​សេវា​ថែទាំ​សុខភាព ជូន​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយ រង​ហានិភ័យ និង​ក្រុម​គោលដៅ​ផ្សេងៗ​ទៀត ក្រោម​កម្មវិធី​មូលនិធិ​សមធម៌ និង ជូន​សមាជិក បេឡា​ជាតិ​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព ដូចជា កម្មករ និយោជិត ជាដើម តាមរយៈ​ការ ពង្រីក​សេវា​ថែទាំ​សុខភាព ស្រប​តាម​និន្នាការ​ប្រែប្រួល​នៃ​បន្ទុក​ជំងឺ ឬ បញ្ហា​សុខភាព​ជា​អាទិភាព របស់​ប្រជាជន ។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែនាំ​មន្ទីរពេទ្យ​ត្រូវ​យកចិត្តទុកដាក់​ថែទាំ​អគារ សម្ភារៈ​ឧបករណ៍​ពេទ្យ មធ្យោបាយ​បញ្ជូន ដោយ​ស្មារតី​បុរេ​សកម្ម និង ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ផលប្រយោជន៍​នៃ​ការប្រើប្រាស់​យូរអង្វែង ក្នុង​ការបម្រើ​សេវា​ថែទាំ​សុខភាព​ជូន​ប្រជាពលរដ្ឋ និង​ត្រូវ​រក្សា​បរិស្ថាន​អនាម័យ​ល្អ​ជាប់​ជាប្រចាំ ដែល​ជា​កត្តា​សំខាន់​រួមចំណែក​ដល់​ការលើកកម្ពស់​គុណភាព​សេវា​សុខាភិបាល​ទូទៅ ជាពិសេស​ការទប់ស្កាត់​ការឆ្លង​រោគ​នៅក្នុង​មន្ទីរពេទ្យ​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជំរុញ​លើកទឹកចិត្ត​មន្ត្រី​សុខាភិបាល​, វេជ្ជបណ្ឌិត​, គ្រូពេទ្យ​, គិលានុបដ្ឋាក និង បុគ្គលិក​ថែទាំ​វេជ្ជសាស្ត្រ​ទាំងអស់ សូម​ធ្វើ​អាទិ​ភាវូបនីយកម្ម​លើ​ការសង្គ្រោះ​ជីវិត​លើស​អ្វីៗ​ទាំងអស់ ដោយហេតុ​ថា​មុខងារ​អាជីព​ជា​ចម្បង​របស់​មន្ត្រី​, បុគ្គលិក​សុខាភិបាល គឺ​ការសង្គ្រោះ​ជីវិត​ប្រជាជន តាមរយៈ ការផ្តល់​ការព្យាបាល​សុខភាព​ប្រកបដោយ​ក្រមសីលធម៌ វិជ្ជាជីវៈ​ខ្ពស់ ជាមួយនឹង​ការគោរព​ស្រឡាញ់​អ្នកជំងឺ និង​អ្នក​ទទួល​សេវា​សុខាភិបាល ប្រកបដោយ ទឹកចិត្ត​បរិសុទ្ធ​បំផុត​៕

Filed in: ដំណឹងក្នុងស្រុក

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
សូម​ទាក់​ទងផ្សាយពាណិជ្ជកម្ម​ តាមទូរស័ព្ទលេខ 012 67 40 08 / 096 48 50 248

រក្សាសិទ្ធិ​គ្រប់យ៉ាង ដោយសារព័ត៌មាន និងគេហទំព័រ "ទ្រទ្រង់ជាតិ"

ទីស្នាក់ការ ស្ថិតនៅផ្ទះលេខ ២០៨ ផ្លូវលេខ ៨ C សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Tel: 012 67 40 08 / 096 48 50 248

Copyright © 2015 Trortrung Cheat News, All right Reserved

© 2024 Trortrung Cheat | ទ្រទ្រង់ជាតិ. All rights reserved. XHTML / CSS Valid.